ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាល់ជាមួយនិវត្តជន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំខេត្តប៉ៃលិន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាល់ជាមួយនិវត្តជន របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត សាខាពន្ធដារខេត្ត និងរតនាគារខេត្តប៉ៃលិន ក្រោមការដឹកនាំរួមដោយលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីរលឹក និងដឹងគុណជានិច្ច ចំពោះនិវត្តជន ដែលបានរួមចំណែកយ៉ាងធំធេញ ធ្វើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបានសមិទ្ធផលជាច្រើនមកដល់បច្ចុប្បន្ន។ ពិធីជួបជុំនេះ ជាសក្ខីភាពបញ្ជាក់អំពីសាមគ្គីភាព ភាតរភាព ក្នុងក្របខណ្ឌមន្រ្ដីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំគ្រប់កាលៈទេសៈ ស្របតាមចក្ខុវិស័យរបស់ សមាគមសង្គហៈមិត្ដ បុគ្គលិក មន្រ្ដីរាជការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



លោកប្រធានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោកជំទាវរដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំសមាគមទាំងអស់ជូនចំពោះនិវត្តជន និងជាសមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ បន្ថែមពីការផ្តាំផ្ញើសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំក្រសួង លោកនាំយកវត្ថុអនុស្សាវរីយ៍ និងថវិកា របស់ ស.ស.ម.ស.ហ.វ ដើម្បីប្រគល់ជូនបងជានិវត្តជនក្នុងម្នាក់ៗទទួលបាន ក្រម៉ាមួយ និងថវិកាចំនួន ១៥០,០០០៛ ។ ចំណែកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាខាពន្ធដារ និងរតនាគារខេត្ដប៉ៃលិន ក៏បានឧត្ថម្ភថវិកាចំនួន ៥០,០០០៛ បន្ថែមទៀត។ ដូចនេះ និវត្តជនយើងម្នាក់ៗទទួលបាន ក្រម៉ាមួយ និងថវិកាសរុបចំនួន ២០០,០០០៛។



ឆ្លៀតក្នុងឱកាសថ្លៃថ្លានេះ តាំងនាមឱ្យថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ, សាខាពន្ធដារ និងរតនាគារខេត្ដប៉ៃលិន ក៏សូមសម្ដែងនូវគារវកិច្ច និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរៀមច្បងជានិវត្តជនដែលបានចំណាយពេលវេលាស្ទើពេញមួយជីវិតចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ចាប់តាំងពីបាតដៃទទេ រហូតដល់ប្រទេសជាតិទទួលបានសុខសន្ដិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ និងស្ថិតក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចនូវសមិទ្ធផលគន្លឹះៗរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយរាជរដ្ឋាភិបាលតែងតែងខិតខំប្រឹងប្រែងក្នុងការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងរបបសន្ដិសុខសង្គមនានា ដែលទាំងអស់នេះបានសបញ្ជាក់ឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលមិនត្រឹមតែមិនបានមើលរំលងគុណបំណាច់របស់និវត្តជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងថែមទៀតចំពោះនិវត្តជន ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ព័ត៌មានទាក់ទង